< ត្រឡប់ទៅធនធានទាំងអស់

ល្បែងតោះដើរផ្សារ


20-30 នាទី
មិនកំណត់ចំនួន
៤ឆ្នាំ លើស
ផ្សេងៗ, បោះពុម្ភ សម្ភារ
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • បុរេគណិត បុរេគណិត

សកម្មភាព ល្បែងតោះដើរផ្សារ

បុរេគណិត

បំណិនពិចារណាក្នុងសង្គម (ចំណេះដឹងនៃបញ្ញត្តិសេដ្ឋកិច្ចសាមញ្ញមួយចំនួន)​

គោលបំណង       ៖

(បុរេគណិត)       ៖ ប្រាប់ឈ្មោះ និងប្រភេទប្រាក់រៀលខ្មែរដូចជា១០០, ៥០០, ១០០០, ៥០០០រៀល និងលើសពីនេះក៏បាន។
កម្រិតសិក្សា ៖ មធ្យម ខ្ពស់
រយៈពេល ៖ ៣០ នាទី

ឧបករណ៍ ៖

ការរៀបចំ

សេក្ដីណែនាំ៖

  1. ពិភាក្សាថា៖ ហេតុអ្វីបានជាមនុស្សធំត្រូវធ្វើការងារ? (ចម្លើយ៖ ពីព្រោះរកលុយដើម្បីទិញម្ហូបអាហារ សម្លៀកបំពាក់ និងផ្ទះជាដើម -ល-)។ 
  2. ចែកក្រដាសប្រាក់ទៅឱ្យក្មេងៗ ម្នាក់មួយសន្លឹក។
    (ក្រដាស់ប្រាក់ធ្វើពីក្រដាស ១០០រៀល ៥០០រៀល ១០០០រៀល ៥០០០រៀល) ។
  3. សួរក្មេងៗអំពីក្រដាសប្រាក់នីមួយៗ៖
    តើក្រដាសប្រាក់១០០ ៥០០ ១០០០ ៥០០០ រៀលមានពណ៌អ្វី?
    តើមានរូបអ្វីជាសម្គាល់?
    តើកូនមានក្រដាសប្រាក់(១០០ ៥០០ ១០០០ ៥០០០ រៀល) អាចទិញអ្វីបានខ្លះ?
  4. ឱ្យក្មេងៗបង្ហាញក្រដាសប្រាក់ម្តងមួយប្រភេទតាមសន្លឹកនីមួយៗដែលអ្នកគ្រូសួរ ១០០ រៀល  ៥០០​ រៀល ១០០០ រៀល ៥០០រៀល ។ ឧទាហរណ៍៖ចូរកូនបង្ហាញក្រដាសប្រាក់ ១០០រៀល
  5. ត្រូវរៀបចំរបស់របរនៅលើតុ ធ្វើដូចជាអ្នកលក់នៅផ្សារ។
  6. បន្ទាប់មកប្រាប់ក្មេងៗថា៖ កូនៗនឹងលេងល្បែងតោះដើរផ្សារជាមួយអ្នកគ្រូ។ កូនត្រូវទិញ
    របស់របរនៅលើតុអ្នកគ្រូទាំងអស់គ្នា ។
  7. ហៅក្មេងម្នាក់ ឬ ចែកជាក្រុមក៏បាន ឱ្យដើរមកតុអ្នកគ្រូ និងបង្ហាញក្រដាសប្រាក់ទៅមិត្តរួម
    ថ្នាក់។ ហើយអ្នកគ្រូសួរក្មេងនោះថា៖ តើក្រដាសប្រាក់នេះមានតម្លៃប៉ុន្មាន? 
  8. ឱ្យក្មេងជ្រើសរើសរបស់មួយដែលត្រូវនឹងតម្លៃរបស់ក្រដាសប្រាក់ដែលក្មេងមាន។
  9. ពេលក្មេងៗទាំងអស់ដល់វេនដើរផ្សារទិញគ្រប់គ្នាហើយនោះ សូមឱ្យក្មេងទាំងអស់ប្រគល់
    ក្រដាសប្រាក់ឱ្យគ្រូវិញជាការស្រេច។

ការប្រែប្រួល៖ 

សកម្មភាពនេះអាចលេងបានដោយវិធីផ្សេងទៀតបាន និងពិបាកតាមដែលអ្នកត្រូវការ។វិធីងាយស្រួលគឺ 
ជ្រើសរើសបោះពុម្ពរូបភាពក្រដាសប្រាក់ និងកាត់វាជាសន្លឹកផ្សេងៗគ្នា និងជ្រើសរើសរបស់របរដែល
មានតម្លៃស្រាប់។

សម្រាប់ក្មេងដែលមានអាយុច្រើននោះគឺនិយាយពីក្រដាស១០០រៀល ពីរសន្លឹក ស្មើនឹង២០០រៀល។ 
ចែកក្រដាសប្រាក់ឱ្យទៅពួកគេ២ ឬ ៣​ សន្លឹកមានតម្លៃដូចគ្នា សម្រាប់ឱ្យពួកគេចេះបូកចូលគ្នាផង។
ចែកក្រដាសប្រាក់ឱ្យទៅពួកគេ២ ឬ ៣​ សន្លឹកមានតម្លៃមិនដូចគ្នា សម្រាប់ឱ្យពួកគេចេះបូកចូលគ្នាផង។