< ត្រឡប់ទៅធនធានទាំងអស់

ល្បែងទាយពណ៌

កម្មវិធីសិក្សា ,
ប្រភេទសកម្មភាព

15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
កាត
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • បុរេគណិត បុរេគណិត

សកម្មភាព ៖ ល្បែងទាយពណ៌
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។

បុរេគណិត

ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។

គោលបំណង
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។

កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។

សៀវភៅ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?” 

រយៈពេល ៣០ នាទី

ឧបករណ៍ ពណ៌ទាំង ៧ក្នុងឥន្ទធនូដូចជា ពណ៌ក្រហម ខៀវ លឿង ពណ៌បៃតង ទឹកក្រូច ស្វាយ និងពណ៌ខៀវស្វាយ ហើយកាត់វាជារាងការ៉េតូចៗ បន្ទាប់មកអ៊ុតជាកាត។ 

ការរៀបចំ ចែកកាតឱ្យក្មេងៗម្នាក់ ១សន្លឹក។

សេចក្ដីណែនាំ៖ 

  1. ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងទាយពណ៌ជាមួយកូនៗទាំងអស់គ្នា។
  2. ចែកក្មេងៗជាក្រុម ពី១០ ទៅ១៥នាក់ បើសិននៅក្នុងថ្នាក់តូចពេកត្រូវរៀបចំជាពីរក្រុមក៏បានដែរ។ 
  3. សម្គាល់ឈ្មោះក្រុម៖ ក្រុមទី១ ក្រុមទី២ ឬអាចដាក់ឈ្មោះជាឈ្មោះសត្វ ដែលអ្នកពេញចិត្ត។ 
  4. អ្នកគ្រូត្រូវឱ្យក្មេងៗអង្គុយទៅតាមក្រុមរបស់ពួកគេដោយអង្គុយទល់មុខគ្នា។ 
  5. ក្រុមទី១អង្គុយខាងឆ្វេង ហើយក្រុមទី២អង្គុយខាងស្ដាំ។
  6. តែងតាំងនរណាម្នាក់ជាមេក្រុមនៃក្រុមនីមួយៗ។
  7. អ្នកគ្រូត្រូវចែកកាតពណ៌ឱ្យសិស្សម្នាក់មួយសន្លឹកមិនឱ្យអ្នកណាដឹងថាបានពណ៌អី្វនោះ​ទេ។ 
  8. ក្រុមទី១ ខាងស្តាំឱ្យកូនក្រុមរបស់ខ្លួនបង្ហាញកាតពណ៌របស់ពួកគេ ម្នាក់ម្ដងៗ រហូតដល់អស់គ្នា។
    ឧទាហរណ៍. ក្មេងទី ១ កាន់ពណ៌ក្រហម ទី៣ កាន់ពណ៌ខៀវ…. ។ 
  9. ក្រុមទី២ខាងឆ្វេងត្រូវចាំសង្កេតថាតើ ក្មេងៗក្រុមទី ១អ្នកណាកាន់ពណ៌អ្វីខ្លះ?។

  10.  ចាប់ផ្ដើមពីក្រុមទី ១ពួកគេត្រូវលាក់កាតពណ៌មិនត្រូវឱ្យក្រុមផ្សេងទៀតបានឃើញឡើយ។
  11. ជ្រើសរើសក្មេងម្នាក់ក្នុងចំណោមក្មេងក្នុងក្រុមទី២ខាងឆ្វេងដើម្បីទាយពណ៌កាតក្មេងក្នុងក្រុមទី១។
  12. សួរក្មេងៗក្រុមទី២ខាងឆ្វេងថា៖ មានកាតពណ៌អ្វីខ្លះដែលក្រុមទី ១បានបង្ហាញ? 
  13. កូនក្រុមទី១កាន់កាតពណ៌អ្វីទាំងប្រាំពីរនៃពណ៌ឥន្ធនូ។ 
  14. មេក្រុមទី ២ខាងឆ្វេងត្រូវឈរនៅពីក្រោយកូនក្រុមទី ១ខាងស្តាំ ហើយឱ្យកូនក្រុមរបស់ខ្លួនទាយថា អ្នកដែលមេក្រុមឈរពីក្រោយហ្នឹងកាន់ពណ៌អី្វ? 
  15. នៅពេលដែលក្រុមទី២ បានឆ្លើយរួចរាល់ និងបញ្ចប់ហើយនោះ ត្រូវផ្លាស់ប្ដូរក្រុម១វិញម្ដង។ ឱ្យក្រុមទី២បង្ហាញកាតពណ៌ម្ដង និងឱ្យក្រុមទី ១ទាយពណ៌កាតវិញម្ដង។ ធ្វើដូចជាខាងលើដែរ។ 

ការប្រែប្រួល៖

អ្នកអាចប្រើប្រាស់ល្បែងនេះជាមួយនឹងប្រធានបទផ្សេងៗទៀតបាន។ អ្នកអាចបង្កើតជាកាតពីអ្វីផ្សេងទៀតបាន ហើយឱ្យក្មេងៗលេងបាន ឧ. ពីសត្វ ផ្លែឈើ និងបន្លែ…។