< ត្រឡប់ទៅធនធានទាំងអស់
ល្បែងរត់ទៅរកធុងសំរាម
សកម្មភាព ៖ ល្បែងសំរាមរត់រកធុង
ចិត្តចលភាព ៖ បំណិនចលនាធំ៖ ការហ្វឹកហាត់បង្កើតកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំតូច និងសាច់ដុំធំ
វិទ្យាសាស្រ្ត ៖ បំណិនអនាម័យ៖ ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារនិងសង្កម
សិក្សាសង្កម ៖ បំណិនក្នុងសង្គម៖ ការយល់ដឹងអំពីបរិស្ថានធម្មជាតិនិងវិធីការពារ
បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់នឹងយល់លេខតាងនិងការគណនាលេខសាមញ្ញ៖
ទំហំនិងពណ៌៖ ចំណាត់ថា្នក់ក្រុមនិងលំដាប់លំដោយ៖
ភាសាខ្មែរ ៖ ការប្រើពាក្យតាមវេយ្យករណ៍៖ ការយល់ពីវាក្យស័ព្ទ ឃ្លា និងល្បះ៖
គោលបំណង
ចិត្តចលភាព ៖ វិជ្ជាសម្បទា៖ ប្រាប់ពីរបៀបវិធីដើរ រត់ លូន វារ លោត ចុះនិងឡើង បោះ តោង ឡើង គប់ ប្រមៀល រុញ និងទាញ ទៅតាមគោលដៅនិងចម្ងាយដែលបានកំណត់។
វិទ្យាសាស្រ្ត ៖ បំណិនសម្បទា៖ ចោលសំរាមនៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ
សិក្សាសង្កម ៖ បំណិនសម្បទា៖ ជួយសម្អាតបរិស្ថាន ដូចជាការបោសសំរាម និងមិនបន្ទោរបង់ផ្ដេសផ្ដាសជាដើម។
បុរេគណិត ៖ បំណិនសម្បទា៖ រាប់ចំនួនលេខ និងយល់ន័យពី១ដល់៣០ឬលើសពីនេះ។ បំណិនសម្បទា៖ រៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។
ភាសាខ្មែរ ៖ វិជ្ជាសម្បទា៖ ប្រាប់ពីពាក្យ ឃ្លា ឬល្បះ ឱ្យបានត្រឹមត្រូវទៅតាមស្ថានភាព មនុស្សធំដែលមានចំនួនពី៥ទៅ៦ព្យាង្គឬលើសពីនេះ។
កម្រិតសិក្សា ៖ទាប មធ្យមនិង ខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ កាតធុងសំរាមដែលមាន៤ឬ៥ ដែលមានពណ៌សម្គាល់ដែរ។ (ប្រភេទសំរាមមាន៖១. ពណ៌ស្វាយសំណល់ក្រដាស ២. ពណ៌ខៀវសំណល់កំប៉ុង ៣.ពណ៌បៃតងសំណល់ផ្ទះបាយ ៤. ពណ៌លឿងសំណល់ប្លាស្ទីក និង ៥. ពណ៍ក្រហមសំណល់គ្រោះថ្នាក់ ) ជាទំហំA4 (ពណ៌ / សខ្មៅ)
ការរៀបចំ ៖ ត្រៀមសម្ភារ ដួចជាកាតធុងសំរាម ទាំង៥ប្រភេទនេះឱ្យបានរួចរាល់ គឺការស្រេច។
សេចក្ដីណែនាំ ៖
- គ្រូសួរកុមារ តើកូនៗស្គាល់សំរាមដែរឬទេ? សំរាមមានប៉ុន្មានប្រភេទ? អាចឱ្យកុមាររៀបរាប់ប្រាប់ខ្លះៗពីសំរាម។
- ប្រាប់កុមារថាថ្ងៃនេះយើងនឹងលេងល្បែងសកម្មភាពមួយនៅក្នុងថ្នាក់របស់យើង (ប្រសិនបើក្នុងថា្នក់តូច មិនមានទីធ្លាលេងទេ អាចលេងក្រៅថ្នាក់ក៏បានដែរ)
- គ្រូប្រាប់ពីរបៀបលេងល្បែងសកម្មភាពនេះទៅកាន់កុមារជាមុនសិន៖
- យកក្រដាសកាតធុងសំរាមទាំង៥ប្រភេទមក និងប្រាប់កុមារពីធុងសំរាមនីមួយៗថាខុសគ្នាបែបណាខ្លះ ហើយសំរាមណាត្រូវដាក់នៅធុងសំរាមណាឱ្យច្បាស់ជាមុនសិន។
- ត្រូវលើកឧទាហរណ៍ថា៖ សំរាម ថង់ ដាក់នៅធុងសំរាមមួយណា? គឺ សំណល់ប្លាស្ទីក។ សំរាម ក្រដាសកេស ដាក់នៅធុងសំរាមណា? គឺសំណល់ក្រដាស…។
- បង្ហាញនិងប្រាប់កុមារឱ្យបានច្បាស់ពីធុងសំរាម និងប្រភេទសំរាមឱ្យបានច្បាស់សិន។
- ឱ្យកុមារ៥នាក់ ទៅឈរនៅ៥កន្លែងផ្សេងៗពីគ្នា ដែលមានគម្លាតឆ្ងាយៗពីគ្នា ដែលតំណាងឱ្យប្រភេទធុងសំរាមទាំង៥ប្រភេទ ហើយកុមារដែលនៅសល់ ត្រូវឈរនៅកណ្ដាល បន្ទាប់មក គ្រូចែកក្រដាសកាតធុងសំរាមដែលបានត្រៀមរួចរាល់ឱ្យទៅកាន់កុមារទាំង៥នោះ ម្នាក់១ផងដែរ បន្ទាប់មក ត្រូវប្រាប់កុមារដែលនៅកណ្ដាលថាកុមារទាំង៥នាក់នោះ មួយណាជាប្រភេទធុងសំរាមណាឱ្យច្បាស់ (បើមិនច្បាស់ទេ ឱ្យកុមារមើលពណ៌ធុងសំរាមបានដូចគ្នាដែរ ព្រោះធុងសំរាមនីមួយៗមានពណ៌សម្គាល់ដែរ)។
- គ្រូចាប់ផ្តើមស្រែក ប្រភេទសំរាមមួយប្រភេទ បន្ទាប់មក ពួកគេទាំងអស់ដែលឈរនៅកណ្ដាលនោះ ត្រូវរត់ទៅរកធុងសំរាមនោះភ្លាមតែម្ដង។ ឧ. គ្រូស្រែកថា ទុយោរ (តើទុយោរជាសំរាមប្រភេទមួយណា? គឺធុងសំណល់ប្លាស្ទីក) ដូច្នេះពួកគេត្រូវរត់ទៅរកកុមារដែលកាន់ក្រដាសកាតធុងសំរាម ប្លាស្ទីក។
បើគ្រូស្រែកថា ថ្មពិល កុមារទាំងអស់ត្រូវរត់ទៅរកកុមារដែលកាន់ក្រដាសកាតធុងសំរាម សំណល់គ្រោះថ្នាក់។
- គ្រូអាចឱ្យកុមារម្នាក់ទៀតមកជួយស្រែកពីសំរាមជំនួសគាត់ក៏បានដែរ ដើម្បីឱ្យកុមារបានស្គាល់សំរាមកាន់តែច្បាស់។
- ល្បែងនេះ យើងអាចលេងបែបប្រកួតប្រណាំងគ្នាក៏បានដែរ។ កុមារណាដែលរត់ទៅដល់ក្រោយគេ ពួកគេនឹងអាចទៅប្ដូរជាមួយកុមារដែលកាន់ក្រដាសកាតធុងសំរាមវិញបាន។ បើ១នាក់ ដូរ១នាក់ បើ២នាក់ដូរ២នាក់។ ធ្វើបែបនេះអាចឱ្យកុមារទាំងអស់បានលេងទាំងអស់គ្នា និងមិនបានច្រណែនគ្នាជាដើមផងដែរ។
- បញ្ជាក់៖ គ្រូអាចច្នៃល្បែងនេះទៅជារបៀបលេងផ្សេងទៀតក៏បានដែរ តាមគំនិតរបស់គ្រូ ព្រោះនេះគ្រាន់តែជាគំរូមួយប្រភេទតែប៉ុណ្ណោះ។
ចិត្តចលភាព
វិទ្យាសាស្រ្ត
សិក្សាសង្គម
បុរេគណិត