< ត្រឡប់ទៅធនធានទាំងអស់
ល្បែងពពុះសាប៊ូ
សកម្មភាព៖ ល្បែងពពុះសាប៊ូ
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។
វិទ្យាសាស្ត្រ
ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត) (លក្ខណៈរូបធាតុ)
បុរេគណិត
រូបរាង និងលំហ (បញ្ញត្តិរូបរាង និងលំហ)
ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។
គោលបំណង ៖
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។
ប្រាប់ពីភាពខុសគ្នាវត្ថុធាតុដើមនៃសម្ភារដោយប្រើបញ្ញត្តិដូចជារឹង ទន់ ថ្លា។
(បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសមញ្ញៗមានរាងធរណីមាត្ររាងរង្វង់ ការេ ត្រីកោណ មូលទ្រវែង
ចតុកោណកែង ចតុកោណស្មើ បេះដូង ផ្កាយ ។
ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។
សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ ត្រូវលាយសារធាតុខាងក្រោមឱ្យចូលគ្នាឱ្យសព្វមានដូចជា
-លួសត្រូវកាត់ប្រវែង ១៧សមឱ្យគ្រប់ក្មេងៗ ៧នាក់ ។
-ចានដែកមួយក្នុង ១ក្រុម។
-ធាតុផ្សុំរួមមានសាប៊ូកក់សក់ Dove ដែលមានធាតុ Nutritive ៤កញ្ចប់ ដែលមាន ៩មីលីលីត្រ ។
-ទឹកមួយកែវជ័រ។
-សាប៊ូលាងចានមួយកែវជ័រដែរ ។
ការរៀបចំ ៖ លាយសារធាតុផ្សុំចូលគ្នា ហើយលាយម្ដងអាចលេងបាន ៧នាក់នៅក្នុងចានដែក
មួយ។ ឧទាហរណ៍.ប្រសិនបើនៅក្នុងថ្នាក់មានសិស្ស៣៥នាក់ ត្រូវលាយ សាប៊ូ ៥កញ្ចប់ ហើយកាត់
លួសអោយគ្រប់នឹងចំនួនក្មេងៗដែលមាន។ អ្នកគ្រូអាចធ្វើជារូបរាងទាំង ៨ ដែរ ។ មានរាងធរណីមាត្រ
រាងរង្វង់ ការេ ត្រីកោណ ចតុកោណកែង ចតុកោណស្មើ បេះដូង មូលទ្រវែង ផ្កាយ ។
សេចក្ដីណែនាំ៖
- បើកសៀវភៅរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?” ដើម្បីរំលឹកពីពណ៌របស់ឥន្ទធនូ។
- អាចណែនាំបន្ថែមពណ៌ស ពណ៌ទឹកប្រាក់ ពណ៌ត្នោត ពណ៌ផ្កាឈូក…។
- បង្ហាញ លួស សាប៊ូ ទឹក ចានដែក កែវជ័រជាដើម។
- យកលួសកាត់រួចនោះមកបង្ហាញក្មេងៗពីរបៀបធ្វើជារូបរាងទាំង៨មានជារាង រង្វង់ ការេ ត្រីកោណ ចតុកោណកែង ផ្កាយ ចតុកោណស្មើ បេះដូង មូលទ្រវែង។
- ចែកលួសសម្រាប់ក្មេងធំៗឱ្យធ្វើរាងដោយខ្លួនឯងទៅតាមរាងណាដែលពួកគេចូលចិត្ត ។
- តែបើក្មេងតូចៗត្រូវធ្វើឱ្យពួកគេ ករណីពួកគេធ្វើមិនកើត ។
- រៀបចំលាយពពុះសាប៊ូផ្ទាល់ឱ្យក្មេងៗមើលជាក់ស្តែង។
- សួរក្មេងៗថា៖តើកូនៗបានឃើញពណ៌អ្វីខ្លះនៅលើពពុះសាប៊ូ? ពណ៌ស្វាយ ស…
តើមានពពុះសាប៊ូប៉ុន្មាន? ១ ២ ៣ ..ច្រើន រាប់មិនអស់។
តើពពុះសាប៊ូមានរាងអី្វ? រាងមូល រាងធំ…
- ត្រូវរំលឹកពួកគេពីពណ៌ថ្មីដែលបានរៀនថ្ងៃនេះ និងពណ៌ទាំង ៧របស់ឥន្ធនូដែរ។
- អ្នកគ្រូត្រូវចែកចេញជា៤ក្រុមហើយប្រកួតប្រជែងក៏បាន៖
- ចែកជា ៤ក្រុម និងឱ្យក្រុមនីមួយៗឈរជាជួរឱ្យត្រង់។
- ឱ្យក្មេងតាមក្រុមមានតំណាងលាយសារធាតុធ្វើពពុះសាប៊ូដោយខ្លួនឯង។
- បន្ទាប់មកឱ្យក្មេងៗក្នុងក្រុមនិយាយលឺៗថា៖ ពពុះសាប៊ូមានពណ៌ ស្វាយ ស ខៀវតាម
ស្ថានភាពជាក់ស្តែង។ - ពួកគេអាចរាប់ម្នាក់ឯង និងរាប់ទាំងអស់គ្នាប្រសិនបើមានពពុះសាប៊ូច្រើន ។
- ធ្វើបែបនេះរហូតទល់តែអស់ចំនួនក្មេង និងទៅតាមពេលវេលាដែលមាន។