< ត្រឡប់ទៅធនធានទាំងអស់
ល្បែងបង្កើតតន្ត្រីជាមួយដប (កែវ)
សកម្មភាព ៖ ល្បែងបង្កើតតន្ត្រីជាមួយដប (កែវ)
ចិត្តចលភាព ៖ បំណិនចលនាតូច៖
ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក
សិក្សាសង្គម ៖ ចម្រៀង និងតន្ដ្រី៖ ចំណេះដឹងបច្ចេកទេស ចលនា ការច្នៃប្រឌិតនិងបទពិសោធន៍ផ្នែកតន្រ្តី
បុរេគណិត ៖ រង្វាស់រង្វល់៖ បញ្ញត្តិស្តីពីរង្វាស់រង្វល់
ភាសាខ្មែរ ៖ ការស្គាល់តួអក្សរ៖ ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំឡេង
គោលបំណង
ចិត្តចលភាព ៖ បំណិនសម្បទា៖ កំណត់ចំណុចគោលដៅនៃចលនាដៃដោយការទប់លំនឹងនិងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយឬលេងល្បែងបានរឹងមាំល្អ។
សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីការទះដៃបន្ទរ ឬគោះសម្ភារនានា តាមចង្វាក់ភ្លេង។ _
បំណិនសម្បទា៖ ទះដៃបន្ទរ គោះសម្ភារនានាតាមចង្វាក់ភ្លេង។
បុរេគណិត ៖ វិជ្ជាសម្បទា៖ ប្រាប់ពីបញ្ញត្តិខ្ពស់និងទាប វែងនិងខ្លី។
បំណិនសម្បទា៖ ប្រៀបធៀបខ្ពស់និងទាប វែងនិងខ្លី។
ភាសាខ្មែរ ៖ វិជ្ជាសម្បទា៖ប្រាប់បានពីសូរសំឡេងសត្វឬវត្ថុនានានៅក្នុងបរិស្ថាន
បំណិនសម្បទា៖ បង្ហាញពីភាពខុសគ្នានៃសូរសំឡេង
កម្រិតសិក្សា ៖ ទាប មធ្យមនិងខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ សម្ភារដែលត្រូវត្រៀមមានដូចជា៖ ដប (កែវ) ចំនួន៥ កន្រ្តៃ ស្លាបព្រាដែក ឬចង្កឹះដែក បន្ទាត់សម្រាប់វាស់ ឬក្រិត ហ្វឺតសម្រាប់គូសក្រិត ម្សៅពណ៌ ដបទឹកសុទ្ធ ចំនួន១ និងឡាវ សម្រាប់ចាក់ទឹកពណ៌ចូលក្នុងដប (កែវ)។
ការរៀបចំ ៖ គ្រូត្រូវរៀបចំសម្ភារដែលបានរៀបរាប់ខាងលើឱ្យរួចជាការស្រេច មុននឹងចាប់ផ្ដើមលេងល្បែងនេះ។
បញ្ជាក់៖ ល្បែងនេះ អ្នកអាចត្រៀមដបច្រើនជាងនេះក៏បានដែរ ទឹកពណ៌ផ្សេងក៏បានដែរ ឬច្រើនពណ៌ក្នុងពេលតែមួយក៏បានដែរ។
សេចក្ដីណែនាំ ៖
- ដំបូងសួរកុមារថា តើកូនៗស្កាល់ឧបករណ៍ភ្លេងខ្មែរដែរឬទេ? បើស្គាល់មានអ្វីខ្លះ? កុមារអាចរៀបរាប់ប្រាប់គ្រូ បានប៉ុណ្ណាយកប៉ុណ្ណឹង។
- បើសិនកុមារស្គាល់បានតិច គ្រូអាចប្រាប់កុមារបន្ថែមពីឧបករណ៍ភ្លេងខ្មែរ ឱ្យបានច្រើនជាងហ្នឹងកាន់តែល្អផងដែរ។
- ប្រាប់កុមារថា ថ្ងៃនេះគ្រូនឹងនាំកូនៗទៅលេងគោះសំឡេងភ្លេងជាមួយគ្នា
- នៅខាងក្រោមនេះជារបៀបធ្វើវា៖
- ដប (កែវ) ចំនួន៥ឬលើសពីនេះ ដោយយកវាទៅក្រិតជាមួយបន្ទាត់ និងហ្វឺតឱ្យបានស្មើៗគ្នា
- បន្ទាប់ពីគូសក្រិតរួចរាល់ហើយនោះ យកវាទៅដាក់តម្រៀបជាជួរតាមលំដាប់លំដោយ ពី១ក្រិត ដល់ ៥ក្រិត ដោយត្រូវបង្ហាញឬរាប់ប្រាប់កុមារផងពីចំនួនដែលបានក្រិតលើដបរួចនោះ
- រួចប្រើទឹកក្នុងដបទឹកសុទ្ធ ដាក់ម្សៅពណ៌ចូល (ពណ៌អ្វីក៏បានដែរ) កន្លែងមិនចង់ដាក់ពណ៌ក៏បានដែរ គ្រាន់តែវាមើលមិនសូវច្បាស់ ឬមិនសូវឃើញទេ។ សម្រាប់ខ្ញុំដាក់ល្អជាង ជាពិសេសពណ៌ដែលមេពណ៌ផងដែរ។
- បន្ទាប់មកទៀត ត្រូវចាក់ទឹកពណ៌ហ្នឹងចូលទៅក្នុងដបតាមក្រិតនីមួយៗដែលបានក្រិតរួច ដោយប្រើឡាវ សម្រាប់ចាក់ចូល កុំឱ្យកំពប់ចេញក្រៅ
- ចុងក្រោយ យកចង្កឹះដែក ឬស្លាបព្រាដែក ទៅគោះលើដបកែវទាំង៥ និងស្ដាប់ថា វាមានសំឡេងខុសគ្នាអត់ ជាការស្រេចតែម្ដង។
- ត្រូវឱ្យកុមារគោះដោយថ្មមៗ ជៀសវាងមានការបែក។
- ប្រាប់ឱ្យកុមារ កុំគោះខ្លាំងពេក និងស្ដាប់សំឡេងផងដែរមានសំឡេងខុសគ្នាអត់?
ចិត្តចលភាព
សិក្សាសង្គម
បុរេគណិត
ភាសាខ្មែរ