< ត្រឡប់ទៅធនធានទាំងអស់
ល្បែងបង្កើតឈិង
សកម្មភាព ៖ ល្បែងបង្កើតឈិង
ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក
សិក្សាសង្គម ៖ ចម្រៀងនិងតន្ដ្រី៖ ចំណេះដឹងបច្ចេកទេស ចលនា ការច្នៃប្រឌិតនិងបទពិសោធន៍ផ្នែកតន្រ្តី
៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយការបង្កើតរូបភាព
៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព។ភាសាខ្មែរ ៖ ការស្គាល់តួអក្សរ៖ ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំឡេង
គោលបំណង
ចិត្តចលភាព ៖ បំណិនសម្បទា៖ ប្រាប់បានពីរបៀបធ្វើចលនាដៃដោយការទប់លំនឹងនិងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងអ្វីមួយ។
សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីការទះដៃបន្ទរ ឬគោះសម្ភារនានា តាមចង្វាក់ភ្លេង។
បំណិនសម្បទា៖ ទះដៃបន្ទរ គោះសម្ភារនានាតាមចង្វាក់ភ្លេង។
ភាសាខ្មែរ ៖ វិជ្ជាសម្បទា៖ប្រាប់បានពីសូរសំឡេងសត្វឬវត្ថុនានានៅក្នុងបរិស្ថាន
បំណិនសម្បទា៖ បង្ហាញពីភាពខុសគ្នានៃសូរសំឡេង
កម្រិតសិក្សា ៖ ទាប មធ្យមនិងខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ សម្ភារដែលត្រូវត្រៀមមានដូចជា៖ កាំភ្លើងបាញ់កាវ ខ្សែអំបោះ ដែកឈាន
តង្គៀបគាបសក់ កន្រៃ្ក កាំបិតកាត់ក្រដាសគម្របដបចំនួន៨និងក្រដាសកេស។
ការរៀបចំ ៖ បង្កើតជាឈិងនេះមួយសម្រាប់បង្ហាញទៅកាន់កុមារ មុននឹងឱ្យកុមារចាប់ផ្ដើមលេង ឬបង្កើត។
សេចក្ដីណែនាំ ៖
- ដំបូងសួរកុមារពីឧបករណ៍តន្រ្តីជាមុនសិន ថាតើកុមារស្គាល់វាបានប៉ុន្មាន? តើកូនស្គាល់ឈិងដែរឬទេ?
- ប្រាប់កុមារទាំងអស់ថា ថ្ងៃនេះពួកយើងនឹងបង្កើតជាឧបករណ៍តន្ត្រីមួយដែលមានឈ្មោះថា ឈិង។
- តើកូនៗចង់ចេះបង្កើតឈិងដែរឬទេ?
- គ្រូបង្ហាញឈិងដែគ្រូបានបង្កើតនិងបានត្រៀមសម្រាប់បង្ហាញកុមារ ជាមុនសិននិងបន្ទាប់មក ប្រាប់កុមារពីរបៀបធ្វើវាជាមុនសិនដែរ ។
- ក្រដាសកេសគូរជារង្វង់ពីរដោយប្រើដែកឈាន
- កាត់វាជារង្វង់តាមការគូសនៅលើក្រដាសកេសមុនហ្នឹង
- ប្រើគម្របដបប្រាំបី បិទលើក្រដាសកេសរង្វង់ បិទវាដោយប្រើកាំភ្លើងបាញ់កាវ ម្ខាងបួនគម្របដប
- ចុងក្រោយ ប្រើដែកឈានចោះរន្ធពីរសម្រាប់ចងវា
- ប្រើខ្សែដាក់ចូលទៅក្នុងរន្ធដែលបានចោះមុនហ្នឹង
- ដោយប្រើតង្គៀបគាបសក់ជួយក្នុងការស៊កវាចូល
- ខ្សែកាត់ឱ្យល្មមស៊កដៃចូល មិនតឹងពេក មិនរលុងពេក
- បន្ទាប់ពីស៊កខ្សែចូលរួច ត្រូវកួចចុងខ្សែ កុំឱ្យវារបូតវិញបែបនេះ
- មួយសម្រាប់ដៃស្ដាំនិងមួយសម្រាប់ដៃឆ្វេង។
- បន្ទាប់មក ពួកយើងនឹងទទួលបានឈិងមួយដែលពួកយើងបានបង្កើតដោយខ្លួនឯងតែម្ដង។
- នាំពួកគេលេងឈិងដែលបានបង្កើតដោយគោះវា ម្ដងម្នាក់ ឬបង្កើតឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
- សម្រាប់ការបង្កើតឈិងនេះ វាគ្រាន់តែជាការលើកជាឧទាហរណ៍ទេ អ្នកអាចបង្កើតជាមួយសម្ភារផ្សេងៗក៏បានដែរ ឱ្យតែស្រួលសម្រាប់ការបង្កើតរបស់អ្នក ដូចជាការស្វែងរកសម្ភារជាដើម…។
ចិត្តចលភាព
សិក្សាសង្គម
ភាសាខ្មែរ