< ត្រឡប់ទៅធនធានទាំងអស់

ល្បែងបង្កើតឧបករណ៍តន្ត្រីនៅក្នុងសៀវភៅរឿង


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
កន្ត្រៃ, កាវ, កៅស៊ូកង, ក្រដាស, ទុយោ, ក្រណាត់, ឧបករណ៍ចោះរន្ធ, កាំបិត, ប្រអប់, ស្លឹកត្នោត, ស្លឹកដូង, គម្របឆ្នាំង, ឈើ, ថ្ម, សំបកទឹកដោះគោ, ឬស្សី
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • សិក្សាសង្គម សិក្សាសង្គម
  • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព ៖ ​ល្បែងបង្កើតឧបករណ៍តន្រ្តីក្នុងរឿង វង់ភ្លេងក្មេងៗតាមភូមិ

ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក 
សិក្សាសង្គម ៖ ចម្រៀងនិងតន្ដ្រី៖ ចំណេះដឹងបច្ចេកទេស ចលនា ការច្នៃប្រឌិតនិងបទពិសោធន៍ផ្នែកតន្រ្តី
៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយការបង្កើតរូបភាព
៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព 
ភាសាខ្មែរ ៖ ការស្គាល់តួអក្សរ៖ ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំឡេង

គោលបំណង
ចិត្តចលភាព ៖ បំណិនសម្បទា៖ ប្រាប់បានពីរបៀបធ្វើចលនាដៃដោយការទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងអ្វីមួយ។ 
សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីការទះដៃបន្ទរ ឬគោះសម្ភារនានា តាមចង្វាក់ភ្លេង។
បំណិនសម្បទា៖ ទះដៃបន្ទរ គោះសម្ភារនានាតាមចង្វាក់ភ្លេង។
វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបបត់ រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទបត់… ដើម្បីបង្កើតជារូបភាពផ្សេងៗ។
ភាសាខ្មែរ ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីសូរសំឡេងសត្វឬវត្ថុនានានៅក្នុងបរិស្ថាន
បំណិនសម្បទា៖ បង្ហាញពីភាពខុសគ្នានៃសូរសំឡេង

កម្រិតសិក្សា ៖ ទាប មធ្យមនិងខ្ពស់

រយៈពេល ៖ ៣០ នាទី

ឧបករណ៍ ៖
ទី១. សម្ភារដែលត្រូវត្រៀមមានដូចជា៖ ទុយោរ ស្លឹកត្នោត ស្លឹកដូងឬក្រដាស។
ទី២. សម្ភារដែលត្រូវត្រៀមមានដូចជា៖ គម្របឆ្នាំង ឈើ ឬ ដុំថ្មជាដើម។
ទី៣. សម្ភារដែលត្រូវត្រៀមមានដូចជា៖  កន្រ្តៃ ទុយោរ កៅស៊ូ ប្រអប់ ក្រដាសឬសំបកទឹកដោះគោ ឬជាអ្វីក៏បានដែរ។
ទី៤. សម្ភារដែលត្រូវត្រៀមមានដូចជា៖ កាំបិត ចង្កឹះ កាវស្អិត ក្រណាត់ កៅស៊ូ ឬស្សី ឈើ ឧបករណ៍ចោះរន្ធ។
ទី៥. សម្ភារដែលត្រូវត្រៀមមានដូចជា៖ ធុងធំ ចង្កឹះ កំប៉ុងនំ ធុងថ្នាំពណ៌និងឈើ។

ការរៀបចំ ៖ បង្កើតឧបករណ៍តន្រ្តីដែលត្រៀមនឹងបង្កើតសម្រាប់បង្ហាញទៅកាន់កុមារ មុននឹងឱ្យកុមារចាប់ផ្ដើមលេង ឬបង្កើត នៅក្នុងថ្នាក់ទាំងអស់គ្នា។

សេចក្ដីណែនាំ ៖ 

  1. ល្បែងនេះអាចលេងនៅក្រោយពេលដែលនិទានរឿង វង់ភ្លេងក្មេងៗតាមភូមិ ក៏បានដែរ ស្រួលឱ្យកុមារបានដឹងច្បាស់ពីឧបករណ៍តន្ត្រីខ្លះៗនៅក្នុងសៀវភៅរឿងរបស់យើង។ 
  2. ដំបូងសួរកុមារពីឧបករណ៍តន្រ្តីជាមុនសិន ថាតើកុមារស្គាល់វាបានប៉ុន្មាន​? ឱ្យកុមាររៀបរាប់ពីឧបករណ៍តន្រ្តីដែលពួកគេបានស្គាល់ ថាស្គាល់បានប៉ុណ្ណា? 
  3. ប្រាប់កុមារទាំងអស់ថា ថ្ងៃនេះពួកយើងនឹងបង្កើតឧបករណ៍តន្ត្រីចំនួនប្រាំប្រភេទ ដែលមាននៅក្នុងសាច់រឿងដែលកុមារបានស្ដាប់មុនហ្នឹង។ 
  4. ចាប់ផ្ដើមប្រាប់កុមារពីរបៀបនៃការធ្វើឧបករណ៍នីមួយៗដែលបានរៀបរាប់ពីខាងលើ៖ 

ទី១. របៀបបង្កើតប៉ីពកឬប៉ីអ៖
1. កាត់ទុយោរកន្លែងកាច់ចោល កាត់នៅចុងទុយោរជាស្រួច
2. ចុងក្រោយ គ្រាន់តែច្របាច់វាបន្តិចជាការស្រេច។
3. ការធ្វើប៉ីពកឬប៉ីអ មាន៤ប្រភេទក្នុងសកម្មភាពនេះ៖ ជាមួយទុយោរ ជាមួយស្លឹកត្នោត ទុយោរនិងក្រដាស និងជាមួយស្លឹកឈើក៏បានដែរ។ 

ទី២. របៀបបង្កើតឈិង

  1. មានតែគម្របឆ្នាំងពីរចងខ្សែភ្ជាប់គ្នាជាការស្រេច។ 
  2. ឈិងដែលធ្វើពីឈើនិងដុំថ្ម 

ទី៣. របៀបបង្កើតតាខេ

  1. ប្រអប់ក្រដាសជូតមាត់ 
  2. ដាក់កៅស៊ូបីខ្សែនៅលើប្រអប់ក្រដាសជូតមាត់
  3. ដាក់ចំកន្លែងដែលមានប្រហោង
  4. កាត់ទុយោរសម្រាប់ធ្វើក្រចកដេញតាខេ

ទី៤. របៀបបង្កើតរនាត

  1. ឈើវែងពីរ សម្រាប់ធ្វើជាស្នូក
  2. ពុះបំពង់ឬស្សីជាពីរ ឱ្យបានមួយចំនួនធ្វើជាផ្លែរនាត
  3. ដាក់ស្នូកពីរទន្ទឹមគ្នា 
  4. ដាក់បន្ទះឬស្សី(ផ្លែរនាត) គងលើស្នូក តម្រៀបគ្នាបែបនេះ ឱ្យបានស្អាត
  5. ចាប់ផ្ដើមធ្វើអន្លូង
  6. ដោយប្រើដុំឈើពីរដុំតូចៗនេះ
  7. ចោះវាជាមួយឧបករណ៍ចោះរន្ធ(ប្រើអ្វីក៏បានដែរ)
  8. ឈើចង្កឹះពីរ ដាក់ចូលក្នុងរន្ធដោយប្រើកាវស្អិត
  9. ប្រើក្រណាត់រុំឈើអន្លូងជាការស្រេច។ រនាតនេះអាចធ្វើពីឬស្សីក៏បាន ពីកំណាត់ឈើក៏បានដែរ។

ទី៥.​ របៀបបង្កើតស្គរ

  1. សម្រាប់ការធ្វើស្គរនេះ មិនពិបាកទេ គ្រាន់តែមានធុងនំ ធុងថ្នាំពណ៌ឬកំប៉ុងនំជាការស្រេច។ 
  2. បន្ទាប់មក យកមកទះមកជាការស្រេច។