< ត្រឡប់ទៅធនធានទាំងអស់
ល្បែងធ្វើគ្រាប់សី
សកម្មភាព ៖ ល្បែងធ្វើគ្រាប់សី
ចិត្តចលភាព៖ បំណិនចលនាធំ៖ ការហ្វឹកហាត់ បង្កើនកម្លាំង
និងការសម្របសម្រួលនៃចលនាសាច់ដុំតូច និងសាច់ដុំធំ។
សិក្សាសង្គម៖ គំនូរ និងសកម្មភាពកសាង៖ ការយល់ដឹង
និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព
គោលបំណង ៖
ចិត្តចលភាព៖ ប្រាប់បានពីរបៀបដើរ រត់ លោត វារ លូន ចុះនិងឡើង បោះ តោង ឡើង គប់ រមៀល បង្វិលខ្លួន រុញ និងទាញ ទៅតាមគោលដៅ និងចម្ងាយដែលបានកំណត់។ គប់ចម្ងាយ គប់ចំណុច តោងឡើងរបារ បង្វិលខ្លួនលើដី និងជុំវិញរបស់អ្វីមួយ រុញ និងទាញដោយរាងកាយ។
សិក្សាសង្គម៖ ប្រាប់បានពីការបត់រូបភាព រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទ បត់ … ដើម្បីបង្កើតជារូបភាពផ្សេងៗ។ បត់ក្រដាសបានជារូបផ្សេងៗដូចជា៖ យន្តហោះ ទូក អាវ…
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ ដបទឹកសុទ្ធមួយ (ដបពណ៌ ឬលាបពណ៌ក៏បាន) កន្រ្តៃ ១ ក្រដាសកាសែត ឬក្រដាសជូតមាត់ក៏បាន និងកៅស៊ូកងមួយចំនួន។
កម្រិតសិក្សា ៖ មធ្យម និង ខ្ពស់
ការរៀបចំ ៖ ត្រៀមគ្រាប់សីដែលបានធ្វើរួច សម្រាប់បង្ហាញកុមារមុនពេលធ្វើជាមួយពួកគេ។
សេក្ដីណែនាំ៖
- ចាប់ផ្ដើមលេង និងធ្វើគ្រាប់សីជាមួយគ្នាតែម្ដង និងប្រាប់កុមារថា ថ្ងៃនេះយើងនឹងធ្វើគ្រាប់សីសម្រាប់លេងទាំងអស់គ្នា។
- សួរសំណួរមួយចំនួនដែលទាក់ទងទៅនឹងល្បែងវាយសី មានដូចជា៖ តើកូនធ្លាប់លេងកីឡាវាយសីដែរទេ? កូនៗបានរ៉ាតកែតនិងគ្រាប់សីមកពីណាដែរ? កូនលេងជាមួយនរណាគេ នៅណា ពេលណា?
- បង្ហាញកុមារពីគ្រាប់សីដែលអ្នកបានធ្វើរួចនោះ និងប្រាប់ថាយើងនឹងធ្វើវាបែបនេះដែរ។
- ចាប់ផ្ដើមធ្វើវា៖
- កាត់ដបទឹកសុទ្ធយកតែកន្លែងកដប (ដបពណ៌ ឬលាបពណ៌ក៏បាន ប្រសិនបើដបគ្មានពណ៌ ព្រោះប្រើដបពណ៌ទើបស្លាបវាស្អាត)
- ប្រើកន្ដ្រៃកាត់ច្រៀកវាឱ្យទៅជាស្លាបគ្រាប់សី
- ប្រើក្រដាសជូតមាត់ ឬក្រដាសកាសែត ធ្វើជារាងមូលតូចល្មមសម្រាប់ដាក់ក្នុងរុន្ធមាត់់ដប។
- ធ្វើគ្រាប់មូលសម្រាប់ដាក់ក្នុងរុន្ធមាត់ដប៖ ធ្វើដូចជាបាល់លោតដែរ ប្រើក្រដាសកាសែត ឬក្រដាសសធម្មតា ច្របាច់ឱ្យទៅជារាងមូលល្មម និងរុំជាមួយកៅស៊ូឱ្យជុំវិញ បន្ទាប់មកដាក់វាចូលទៅក្នុងរុន្ធមាត់ដបជាការស្រេច។