< ត្រឡប់ទៅធនធានទាំងអស់
ល្បែងឡូតូពណ៌
សកម្មភាព ៖ ល្បែងឡូតូពណ៌
បុរេគណិត
ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។
ភាសាខ្មែរ
ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។
គោលបំណង ៖
(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។
(ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ កាត រៀបចំពណ៌ហើយដាក់ក្នុងកាបូប ឬប្រអប់ និងវត្ថុដែល
អាចប្រើសម្រាប់រាប់ចំនួនបានចំនួន ៦ប្រភេទ។ រត្ថុទាំងនោះមានដូចជា៖ គម្របដប ដុំថ្ម ឬជាដុំក្រដាស និង
មានជាវត្ថុដែលរាប់ចំនួនបាន។ វាសម្រាប់បង្ហាញពួកគេថាតើពណ៌ណាដែលត្រូវបានស្រែកហៅ។
ការរៀបចំ ៖ បោះពុម្ភ និងអ៊ុតកាតឱ្យបានស្អាត ទុកសម្រាប់ចែកឱ្យក្មេងៗ និងកញ្ចប់ពណ៌សម្រាប់
ក្រុមនីមួយៗ។ ដាក់ពណ៌ចូលទៅក្នុងកាបូប ឬប្រអប់។ មួយកាបូប ឬប្រអប់ សម្រាប់មួយក្រុម។
សេចក្ដីណែនាំ៖
- ប្រាប់ក្មេងៗថាពួកគេនឹងត្រូវលេងល្បែងមួយដែលមានឈ្មោះថាល្បែងឡូតូ។
- បែងចែកក្មេងៗទៅជាក្រុម។
- ធ្វើការជ្រើសរើសក្មេងម្នាក់នៅក្នុងក្រុម ដើម្បើធ្វើជាអ្នកស្រែកហៅពណ៌
- បង្ហាញក្មេងៗពីកាតឡូតូ និងពណ៌ដែលមាន។
- ឱ្យក្មេងនិយាយពីឈ្មោះពណ៌នៅលើកាតឡូតូហ្នឹង។
- ឱ្យក្មេងៗថាឈ្មោះពណ៌ដែលមាននឹងអ្នកកំពុងបង្ហាញនោះឱ្យបានច្រើនដង។
- បង្ហាញ និងពន្យល់ពួកគេពីច្បាប់ក្នុងការលេងល្បែងនេះ និងត្រូវប្រាកដថាក្មេងៗទាំងអស់យល់ហើយ។
- ក្មេងម្នាក់ជាលូកយកពណ៌មួយនៅក្នុងកាបូប ឬប្រអប់ចេញមកហើយជាអ្នកស្រែកហៅពណ៌។
- ប្រសិនបើក្មេងណាដែលមានពណ៌នោះនៅលើកាតឡូតូរបស់ខ្លួន គឺត្រូវដាក់រត្ថុរាប់ចំនួនដូចជា
គម្របដបនៅលើកាតុងពណ៌ឱ្យចំពណ៌នោះ។ - អ្នកហៅពណ៌ត្រូវលូកយកពណ៌មួយទៀត និងស្រែកពណ៌បន្តទៀត។អ្នកដែលមានពណ៌នៅលើកាតឡូតូត្រូវដាក់គម្របដបនៅលើកាតុងត្រង់កន្លែងពណ៌ដែលខ្លួនមានបន្ត។
- ក្មេងម្នាក់ណាដែលបានបំពេញ ឬដាក់គម្របដបលើពណ៌គ្រប់មុន នោះគឺជាអ្នកឈ្នះ។
- អ្នកអាចលេងល្បែងនេះបែបនេះរហូតដល់ក្រុមទាំងអស់បានបំពេញបានទាំងអស់។
- បន្ទាប់មកចាប់ផ្ដើមលេងល្បែងហ្នឹងម្ដងទៀត ប្រសិនបើមានពេលគ្រប់គ្រាន់។
- លេងល្បែងនេះម្ដងទៀតត្រូវផ្លាស់ប្តូរកាតុងហ៊ុចកាតឡូតូឱ្យក្មេងដែលនៅខាងឆ្វេងដៃពួកគេម្តង
- ហើយក្មេងដែលនៅចំខាងឆ្វេងអ្នកហៅពណ៌ គឺត្រូវកា្លយជាអ្នកហៅពណ៌ម្ដង។
- ឱ្យកាតឡូតូ និងកាបូបដាក់ពណ៌ និងវត្ថុសម្រាប់រាប់លេខទៅតាមក្រុមនីមួយៗ។
- ចូរឱ្យក្មេងដែលជាអ្នកហៅពណ៌ចែកវត្ថុរាប់ចំនួន ទៅតាមសមាជិកក្រុមនីមួយៗ។
- ពួកគេគួរតែលូកយកពណ៌នៅក្នុងប្រអប់ ឬកាបូបដោយមិនមើលជាមុន។
- បន្ទាប់មកហៅពណ៌ដែលខ្លួនបានចាប់បានមក។
- នៅពេលដែលរួចរាល់ហើយ ត្រូវប្រាប់ពួកគេចាប់ផ្ដើមលេងឱ្យសប្បាយ។
ការប្រែប្រួល៖ នៅរាល់ពេលដែលអ្នកហៅពណ៌នោះ ក្មេងៗអាចនិយាយឈ្មោះរបស់ដែលមានពណ៌ដូចពណ៌ដែលអ្នកបានលូកយក និងហៅនោះ (ឧទាហរណ៍. ពេលអ្នកហៅពណ៌យកពណ៌ក្រហម គាត់ថា«ពណ៌របស់ផ្លែប៉ោម»)។