< ត្រឡប់ទៅធនធានទាំងអស់
ល្បែងទះដៃ ឬ គោះសម្ភារតាមចង្វាក់
សកម្មភាព ៖ ល្បែងទះដៃ ឬ គោះសម្ភារតាមចង្វាក់
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ
និងភ្នែកសាច់ដុំភ្នែក)។
សិក្សាសង្កម
ម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេសចលនា ការច្នៃប្រឌិត និងបទពិសោធតន្រ្តី) ។
បុរេគណិត
បរិមាណ និងចំនួន (ស្គាល់ និងយល់លេខតាង និងការគណនាលេខសាមញ្ញៗ) ។
គោលបំណង ៖
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។
(សិក្សាសង្កម) ប្រាប់បានពីរបៀបទះដៃ។
(បុរេគណិត) ប្រាប់បានពីចំនួនលេខ និងយល់ន័យពី ១ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ។
កម្រិត ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ៣០នាទី
ឧបករណ៍ ៖ ត្រឡោកដូងពីរចំហៀងមួយចំហៀងសម្រាប់ក្មេងម្នាក់ៗ និងពីរចំហៀងសម្រាប់អ្នក។
ការរៀបចំ ៖ ប្រមូលត្រឡោកដូងហើយពុះជាពីរ។
សេចក្ដីណែនាំ៖
- និយាយ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងទះដៃ ឬ គោះសម្ភារតាមចង្វាក់ជាមួយកូនៗទាំងអស់។
- សួរក្មេងៗ៖ តើកូនៗស្កាល់ពាក្យថា “ចង្វាក់” ដែរឬទេ? បាទ/ចាស ស្គាល់។
- ឱ្យក្មេងៗថាតាមពាក្យ “ចង្វាក់” ឬ“ចង្វាក់ភ្លេង”។
- សួរថា៖ តើ “ចង្វាក់” មានចង្វាក់អ្វីខ្លះ? មានចង្វាក់យឺត ចង្វាក់លឿន …។
- ពន្យល់ពាក្យ“ចង្វាក់”នេះ ដោយគោះត្រឡោកជាឧទាហរណ៍។
(ឧទាហរណ៍៖ បទចម្រៀងមួយដែលអ្នកច្រៀងលឿន និងយឺត ដូចជាបទ អារ៉ាប់ពីយ៉ាពេលច្រៀង
លឿន ត្រូវទះដៃលឿនតាមចង្វាក់ បើយឺតគឺត្រូវយឺតតាមចង្វាក់ដែរ)។
- ចែកក្មេងៗជាគូរ(បើចំនួនក្មេងៗជាចំនួនសេស អ្នកអាចជាដៃគូរបស់ក្មេងម្នាក់នោះបាន)។
- ចែកត្រឡោកដូងមួយគូរដល់ដៃគូនីមួយៗ(មួយចំហៀងសម្រាប់កុមារម្នាក់)។
- គោះត្រឡោកដូងតាមចង្វាក់នៃឈ្មោះរបស់អ្នក។ ឧទាហរណ៍៖ ឈ្មោះ សុខណារ៉ា អ្នកត្រូវគោះ
ត្រឡោកដូង ៣ដងឱ្យត្រូវនឹងចំនួនព្យាង្គឈ្មោះ សុខ-ណា-រ៉ា។ - កូនៗត្រូវសួរឈ្មោះដៃគូរ អានឱ្យបានលឺៗ យឺតៗ បន្ទាប់មកគោះត្រឡោកដូងរួមគ្នាជាមួយដៃគូរ៖
ឧទាហរណ៍៖ រតនា – រ័ត្ន-តា-ណា។
-យឺតៗតាមចំនួនព្យាង្គឈ្មោះ
-លឿនៗតាមចំនួនព្យាង្គឈ្មោះ - ចូរបន្តធ្វើតាមឧទាហរណ៍ខាងលើ ដោយឱ្យកុមារស្វែងរកដៃគូរផ្សេងៗទៀតដោម្បីប្រើឈ្មោះផ្សេងៗ
នៅក្នុងថ្នាក់។
បម្រែបម្រួល៖ ចូរព្យាយាមប្រើឈ្មោះពីរជាមួយគ្នា (ឧទាហរណ៍៖ រតនា អារុណ)។