< ត្រឡប់ទៅធនធានទាំងអស់
ល្បែងផ្លុំកូនបាល់
កម្មវិធីសិក្សា៖
ចិត្តចលភាព៖ បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព៖
រយៈពេល៖ ៣០ នាទី
ឧបករណ៍៖ ក្រដាសកេះ កាវ កន្រ្តៃ ក្រដាសជូតមាត់ប្រភេទណាក៏បានដែរ ទុយោរមួយចំនួន។
គោលបំណង៖
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(សិក្សាសង្គម) ប្រាប់បានពីការបត់ រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទ បត់… និងបង្កើតរួបភាពផ្សេងៗ។
ត្រៀម៖ធ្វើសម្ភារ១ឬ២ឈុតសម្រាប់បង្ហាញកុមារមុនពេលដែលត្រូវលេងល្បែងសកម្មភាពមួយនេះ។
សេចក្ដីណែនាំ៖
១. ប្រាប់កុមារថា ថ្ងៃនេះពួកយើងនឹងលេងល្បែងសកម្មភាពមួយដែលឈ្មោះថា ល្បែងផ្លុំកូនបាល់។
២. សូរក្មេងៗថា ធ្លាប់លេងបាល់ដែរឬទេ? លេងនៅណា? លេងជាមួយអ្នកណា?
៣. ត្រៀមសម្ភារដែលត្រូវលេងក្នុងល្បែងសកម្មភាពមួយនេះឱ្យបានរួចរាល់ ១ ឬ២ឈុត ទៅតាមចំនួនកុមារដែលមានក្នុងថ្នាក់របស់អ្នក។ បង្រៀនកុមារឱ្យចេះធ្វើសម្ភារសម្រាប់លេងល្បែងនេះជាមុនសិន ដូចគ្នា ធ្វើបង្គោលទី និងកូនបាល់…
- កាត់ក្រដាសកេះធ្វើជារាងបង្គោលទី ទៅតាមចំនួនកុមារ
- ប្រើក្រដាសកាសែត ក្រដាសអនាម័យ ឬក្រដាសធម្មតា លុញវាជាកូនបាល់តូចល្មមដែលស្រាលនិងងាយស្រួលក្នុងការផ្លុំផងដែរ។
- ប្រើទុយោរក្នុងការផ្លុំកូនបាល់នោះ។
៤. ល្បែងនេះអាចលេងជាក្រុមក៏បាន លេងម្នាក់ៗក៏បានដែរ។
៥. គ្រាន់តែឱ្យកុមារលេងផ្លុំកូនបាល់ក្រដាសឱ្យចូលក្នុងទីម្នាក់ម្ដងៗ គឺជាការស្រេច។
៦. ប្រសិនបើលេងជាក្រុមគឺ៖
- ចែកក្មេងៗទៅជាក្រុមដែលមានចំនួន២នាក់ ដែលជាគូរ ដើម្បីធ្វើការប្រណាំងគ្នាក្នុងកាលេងល្បែងនេះ។
- ក្មេងពីរនាក់ដែលជាគូរនឹងគ្នា ត្រូវប្រណាំងគ្នា ផ្លុំបាល់ឱ្យចូលទី។
- ទីលាន យើងអាចប្រើតុសម្រាប់ធ្វើជាទីលានបាន។ ដាក់តុពីរតំរៀបគ្នា។
- ក្មេងណាដែលផ្លុំចូលមុនត្រូវក្លាយជាអ្នកឈ្នះ និងត្រូវឈរនៅកន្លែងអ្នកឈ្នះសិន និងអ្នកចាញ់ឈរតាមអ្នកចាញ់ដែរ។
- ប្រណាំងមួយគូហើយ មួយគូទៀត រកអ្នកឈ្នះ
- ចាប់ផ្ដើមឱ្យអ្នកឈ្នះប្រណាំងផ្លុំជាបន្តមួយអ្នកឈ្នះវិញម្ដង ដើម្បីរកអ្នកឈ្នះទី១ ទី២ ទី៣ រហូតចឹងទៅ។
- អ្នកដែលចាញ់គ្មានសិទ្ធិប្រកួតទៀតទេ ទាល់តែអស់មនុស្ស និងចាប់ផ្ដើមលេងល្បែងនេះម្ដងទៀត។
- ប្រសិនបើមានពេលច្រើនអាចលេងម្ដងទៀត ឬឈប់លេងប្រសិនបើអស់ពេលផងដែរ។
៧. ប្រសិនអាច អ្នកអាចបង្រៀនកុមារឱ្យចេះធ្វើសម្ភារសម្រាប់លេងល្បែងនេះបានកាន់តែល្អ ព្រោះពួកគេអាចធ្វើវាលេងនៅតាមផ្ទះរៀងៗខ្លួនបានទៀត។
៨. ពេលដែលលេងរួចរាល់ ប្រាប់ឱ្យកុមារជួយក្នុងការរៀបចំកន្លែង និងសម្ភារឱ្យបានរៀបរយ និងស្អាតជាការស្រេច។