< ត្រឡប់ទៅធនធានទាំងអស់
ល្បែងបង្កើតដីឥដ្ឋសូនរូប
ប្រភេទសកម្មភាព
ល្បែងសកម្មភាព, សកម្មភាពកសាង
សកម្មភាព ៖ ល្បែងបង្កើតដីឥដ្ឋសូនរូប
សិក្សាសង្គម
គំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)
ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយសង្កេត)
គោលបំណង ៖
(សិក្សាសង្គម) ប្រាប់ពីរបៀប រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលបង្កើតឡើងបាន។
ប្រាប់បានពីរបៀបសូនរូបជារាងងាយៗដោយប្រើដៃទាំងពីរ។
ប្រាប់បានពីរបៀបនៃការពិសោធន៍ និងស្វែងយល់ពីរបរិស្ថាន។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ កូនចានដែកសម្រាប់លាយម្សៅមី ប្រេងឆា អំបិល ទឹកពណ៌លាក់ ទៅតាមចំនួនក្រុមនៃសិស្ស។
ការរៀបចំ ៖ ត្រៀមសម្ភារគ្រប់គ្រាន់ និងរៀបចំទឹកសម្រាប់ទុកលាងសម្អាតដៃរបស់ក្មេងៗទាំងអស់។
សេក្ដីណែនាំ ៖
- សួរក្មេងៗថា៖ តើកូនៗនៅចាំការងារដំបូងរបស់លោកគ្រូសុខដែរឬទេ?
- ប្រាប់ក្មេងថា៖ ថ្ងៃនេះកូនៗនឹងលេងល្បែងធ្វើដីឥដ្ឋជាមួយអ្នកគ្រូ។
- កូនៗការពិសោធន៍នេះគឺកូនអនុវត្តដោយខ្លួនឯងផ្ទាល់។
- សួរក្មេងៗថា៖ តើកូនៗត្រូវមានគ្រឿងផ្សំអ្វីខ្លះដើម្បីបង្កើតដីឥដ្ឋ?
(បើក្មេងមិនដឹងយើងអាចប្រាប់បាន ម្សៅមី ប្រេងឆា អំបិល ទឹក ពណ៌លាក់) - ចែកក្មេងៗជា១ ក្រុម ៥នាក់តាមស្ថានភាពជាក់ស្តែង ។
- យើងជាអ្នកបង្ហាញត្រូវលាយម្សៅក្នុងចានដែកមួយ ដើម្បីបង្ហាញក្មេងៗពីរបៀបលាយ។
- ឱ្យចានដែកតូចទៅក្មេងៗតាមក្រុមនីមួយៗ ។
- លាយម៉្សៅមីតាមចានដែកនៃក្រុមនីមួយៗដូចខាងក្រោម៖
(បរិមាណម្សៅមីគឺអាស្រ័យទៅលើទំហំចានដែក និងចំនួនសិស្សតាមក្រុម)- ម្សៅមី ២កែវ
- អំបិល ១/២កែវ
- ប្រេងឆា ២ស្លាបព្រា
- ទឹក ២កែវ
- អាចបន្ថែមពណ៌លាក់ដើម្បីសូនរូបភាពផ្សេងៗបានស្អាត។
- បរិមាណអំបិលត្រូវលាយច្របល់ជាមួយម្ស៉ៅមី ពេលដាក់ចូលតាមចានដែកនីមួយៗ ។
- រួចត្រូវចាក់ប្រេងឆា ឬ ខ្លាញ់ដើម្បីកុំឱ្យស្អិតជាប់ប្រតាក។
- ដាក់លាយទឹកបន្តិច បន្ថែមពណ៌លាក់ តាមសាច់ម្សៅមីពេលយើងច្របល់ចូលគ្នា។
- បង្ហាញក្មេងៗថា៖ ដីឥដ្ឋអាចសូនធ្វើជារូបសត្វផ្សេងៗបានទាល់តែដីឥដ្ឋនោះមានសភាពរឹងល្មម។
- មើលក្មេងលេង និងជួយប្រសិនបើក្រុមណាបានដាក់ទឹកច្រើនពេក អ្នកអាចថែមម៉្សៅមីបាន។
- អ្នកអាចឱ្យក្មេងៗសូន្យរូបជានំខេក ឬ ជានំបុ័ងក៏បានដែរ ។
- ក្មេងៗអាចយកដីឥដ្ឋទៅផ្ទះ និងដាក់ហាលរូបសូន្យរួចនៅក្នុងថ្នាក់ ដើម្បីទុកលាបពណ៌នៅថ្ងៃក្រោយ។
- បង្រៀនក្មេងៗរៀបចំចានដែកឱ្យបានស្អាត និងដីឥដ្ឋឱ្យបានត្រឹមត្រូវបន្ទាប់ពីលេងរួច។
ពាក្យកន្លឹះ
ដីឥដ្ឋ