< ត្រឡប់ទៅធនធានទាំងអស់
ល្បែងធ្វើរ៉ាកែតចានក្រដាស
ចិត្តចលភាព៖ បំណិនចលនាធំ៖ ការហ្វឹកហាត់ បង្កើនកម្លាំង និងការសម្របសម្រួលនៃចលនាសាច់ដុំតូច និងសាច់ដុំធំ។
សិក្សាសង្គម៖ គំនូរ និងសកម្មភាពកសាង៖ ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព។
បុរេគណិត៖ ទំហំ និងពណ៌៖ ចំណាត់ក្រុម និងលំដាប់លំដោយ។
គោលបំណង ៖
ចិត្តចលភាព៖ ប្រាប់បានពីរបៀបដើរ រត់ លោត វារលូន ចុះនិងឡើង បោះ តោង ឡើង គប់ រមៀល បង្វិលខ្លួន រុញ និងទាញ ទៅតាមគោលដៅ និងចម្ងាយដែលបានកំណត់។ គប់ចម្ងាយ គប់ចំណុច តោងឡើងរបារ បង្វិលខ្លួនលើដី និងជុំវិញរបស់មួយណា រុញ និងទាញដោយរាងកាយ។
សិក្សាសង្គម៖ ប្រាប់បានពីការបត់រូបភាព រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទ បត់ … ដើម្បីបង្កើតជារូបភាពផ្សេងៗ។
បត់ក្រដាសបានជារូបផ្សេងៗដូចជា៖ យន្តហោះ ទូក អាវ…
បុរេគណិត៖ ប្រាប់បានពីរត្ថុរៀបតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ ចានក្រដាស ២ កន្រ្តៃ ស្គុត ដីខ្មៅពណ៌ ឈើការ៉េម២ ប៉ោងប៉ោង១។
កម្រិតសិក្សា ៖ មធ្យម និង ខ្ពស់
ការរៀបចំ ៖ គ្មាន
សេក្ដីណែនាំ៖
- ប្រាប់ក្មេងៗថា ពួកគេនឹងលេងល្បែងមួយដែលអាចធ្វើរ៉ាកែតចានក្រដាស ឬស្នោរក៏របាន។
- សួរក្មេង តើកូនៗស្គាល់កីឡាវាយប៉េងប៉ុងដែរឬទេ? កូនៗចង់ធ្វើវាអត់? ចង់លេងវាអត់?
- ចាប់ផ្ដើមទាំងអស់គ្នា។
- សម្ភាររួមមាន៖ ចានក្រដាស២ កន្រ្តៃ ស្គុត ដីខ្មៅពណ៌ ឈើការ៉េម២ ប៉ោងប៉ោង១
- ដំបូងយកចានស្នោរទាំង២ ផាត់ពណ៌វាឱ្យបានស្អាត ជារូបអ្វីក៏បានដែរ តាមការស្រឡាញ់ចូលចិត្តរបស់ពួកគេ។
- ប្រើស្គុតបិទឈើការ៉េមនៅពីខ្នងវាឱ្យបានរឹងមាំ។
- ផ្លុំប៉ោងប៉ោងឱ្យមានទំហំល្មមសម្រាប់វាយទៅស្រួលក្នុងការលេងរបស់ពួកគេ។
- សម្រាប់ការគូររូបភាពនៅក្នុងចានស្នោរនោះ បើមានរូបបកបិទគឺកាន់តែល្អបំផុត។
- ធ្វើប៉ុណ្ណឹងជាការស្រេចក្នុងការធ្វើរ៉ាកែតវាយសី។
- ឱ្យក្មេងៗលេងវាយរ៉ាកែតចានស្នោរនោះជាមួយមិត្តរបស់គេគឺជាការស្រេចតែម្ដង ទៅតាមពេលវេលាដែលអ្នកបានកំណត់បានហើយ។
- រ៉ាកែតមួយឈុតអាចលេងបាន២នាក់។